ព្រះត្រៃបិដក ភាគ ០៥
បារាជិកទី២
[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានគភ៌ដោយសាឡ្ហជាចៅមិគារមាតា។ កាលគភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន។ លុះគភ៌(នោះ)ចាស់(ជិតគ្រប់ខែ) ភិក្ខុនីនោះក៏សឹកទៅ ហើយសម្រាលកូន។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ សុន្ទរីនន្ទាសឹកទៅមិនទាន់បានយូរប៉ុន្មានក៏សម្រាល (កូនភ្លាម) សុន្ទរីនន្ទានោះ មានគភ៌តាំងអំពីនៅជាភិក្ខុនីនៅឡើយទេឬ។ ថុល្លនន្ទាភិក្ខុនីឆ្លើយតបថា យ៉ាងហ្នឹងហើយ លោកម្ចាស់។ ពួកភិក្ខុនីអម្បាលនោះ ក៏និយាយថា បពិត្រលោកម្ចាស់ (បើ) លោកម្ចាស់ដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ ចុះហេតុដូចម្តេចបានជាលោកម្ចាស់មិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈ។ ឯថុល្លនន្ទាភិក្ខុនីក៏និយាយថា ទោសណាដែលកើតឡើងដល់សុន្ទរីនន្ទានុ៎ះ ទោសនោះនឹងមានដល់ខ្ញុំ កេរ្តិ៍អាក្រក់ណាដែលកើតឡើងដល់សុន្ទរីនន្ទានោះ កេរ្តិ៍អាក្រក់នោះនឹងមានដល់ខ្ញុំ សេចក្តីអាប់យស
(១) ណាដែលកើតឡើងដល់សុន្ទរីនន្ទានុ៎ះ សេចក្តីអាប់យសនោះនឹងមានដល់ខ្ញុំ សេចក្តីសូន្យលាភ
(១) អដ្ឋកថា ថា សេចក្តីវិបត្តិចាកបរិវារ ឬដំនៀលក្នុងទីកំបាំងមុខ។
ID: 636790995744094351
ទៅកាន់ទំព័រ៖