ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីនោះស្លៀកស្បង់អំពីព្រឹក ហើយប្រដាប់បាត្រនិងចីវរ ចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ហើយមិនបានលាពួកជនជាម្ចាស់ផ្ទះ ក៏ចៀសចេញទៅ។ ខ្ញុំស្រីរបស់ត្រកូលនោះ កាលបោសផ្ទះ ក៏ដាក់អាសនៈនោះទៅក្នុងកន្លៀតភាជន៍។ មនុស្សទាំងឡាយមិនឃើញអាសនៈនោះ ក៏និយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ អាសនៈនៅឯណា។ ភិក្ខុនីនោះប្រាប់ថា ម្នាលអាវុសោ អាត្មាមិនឃើញអាសនៈនោះទេ។ មនុស្សទាំងឡាយទារយកអាសនៈនោះវិញថា នែលោកម្ចាស់ ចូរឲ្យអាសនៈនេះមក ហើយក៏ផ្តាសាផ្តាច់ទាំងនិច្ចភត្តនោះចេញ។ ទើបពួកមនុស្សនោះនាំគ្នាជម្រះសំអាតផ្ទះ ក៏ឃើញអាសនៈនោះនៅក្នុងកន្លៀតភាជន៍ ហើយសូមឲ្យភិក្ខុនីនោះអត់ទោស រួចក៏ប្រគេននិច្ចភត្តវិញ។ ឯភិក្ខុនីនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងចូលទៅរកត្រកូលមុនពេលបាយ ហើយអង្គុយលើអាសនៈ រួចមិនលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីចូលទៅរកត្រកូលក្នុងពេលមុនបាយ ហើយអង្គុយ
ID: 636791204736048007
ទៅកាន់ទំព័រ៖