ព្រះត្រៃបិដក ភាគ ០៥

ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមនឹង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​ហើយ​មិនបាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ក៏​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ ​លើ​អាសនៈ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្លន្ទា​ភិក្ខុនី​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​ហើយ​មិន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ក៏​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ ​លើ​អាសនៈ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមនឹង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​ហើយ​មិនបាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ក៏​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​លើ​អាសនៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​បាយ​ ​មិន​ប្រាប់​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ហើយ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​លើ​អាសនៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636791206157969336
ទៅកាន់ទំព័រ៖