ព្រះត្រៃបិដក ភាគ ០៥

នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទាំងឡាយ​រង់ចាំ​សិន​ ​ទំ​រាំ​ព្រាហ្មណ៍​មក​។​ ​ពួក​ភិក្ខុនី​គិត​គ្នា​ថា​ ​នឹង​បង្អង់​ចាំ​ព្រាហ្មណ៍​មក​សិន​ដែរ​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​ក្រាលកម្រាល​សម្រាប់​ដេក​ ​រួច​ខ្លះ​អង្គុយ​ ​ខ្លះ​ដេក​។​ ​ឯ​ព្រាហ្មណ៍​នោះ​មក​ក្នុង​រាត្រី​ ​ហើយ​ពោល​ពាក្យ​នេះ​នឹង​ព្រាហ្មណី​នោះ​ថា​ ​ស្រី​ទាំងនេះ​ជា​អ្វី​។​ ​នាង​ព្រាហ្មណី​ឆ្លើយ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​(​ស្រី​ទាំងឡាយ​នេះ​ជា​)​ ​ភិក្ខុនី​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ទង់ទាញ​ស្រីផ្កាមាស​ត្រងោល​នេះ​ចេញ​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​ឲ្យ​គេ​ទង់ទាញ​ចេញពីផ្ទះ​ទៅ​។​ ​ឯ​ភិក្ខុនី​ទាំងនោះ​នាំគ្នា​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិន​សមនឹង​ចូល​ទៅកាន់​ត្រកូល​ក្នុង​វេលាវិកាល​ ​ហើយ​មិនបាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់​សិន​ ​ក៏​ក្រាល​ឯង​ខ្លះ​ ​ឲ្យ​គេ​ក្រាល​ខ្លះ​នូវ​កម្រាល​សម្រាប់​ដេក​ ​រួច​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​វេលាវិកាល​ ​ហើយ​មិនទាន់​បាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់​សិន​ ​ក៏​ក្រាល​ឯង​ខ្លះ​ ​ឲ្យ​គេ​ក្រាល​ខ្លះ​នូវ​កម្រាល​សម្រាប់​ដេក​ ​ហើយ​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636791207158346554
ទៅកាន់ទំព័រ៖