ព្រះត្រៃបិដក ភាគ ០៥
ឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃប៉ុណ្ណោះ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ជាអនុបសម្បន្នាទៅវិញ រុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេឲ្យរុសក្តី នូវបរិក្ខារដទៃ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេឲ្យរុសក្តី នូវចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្នា តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាដដែល ត្រូវអាបត្តិទុក្កដ។
ID: 636791229363166597
ទៅកាន់ទំព័រ៖