ព្រះត្រៃបិដក ភាគ ០៥
ពួកភិក្ខុនី មិនសមបីនឹងផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរទៅប៉ុណ្ណោះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ ផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរប៉ុណ្ណោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងផ្ញើចីវរទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទដោយមានតែស្បង់និងចីពរទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាងវារៈនៃសង្ឃាដិឲ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៣២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ញុំាងវារៈនៃសង្ឃាដិឲ្យកន្លងហួស៥ថ្ងៃទៅ សេចក្តីថា ភិក្ខុនីមិនបានស្លៀក មិនបានគ្រង មិនបានសំដិលហាលនូវចីវរទាំង៥អស់ថ្ងៃទី៥ គឺថា ធ្វើឲ្យកន្លងហួសថ្ងៃទី៥ទៅ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791230051035941
ទៅកាន់ទំព័រ៖