ព្រះត្រៃបិដក ភាគ ០៥
នគ្គវគ្គ សិក្ខាបទទី៧
[២៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង អកាលចីវរបានកើតឡើងដល់ភិក្ខុនីសង្ឃ។ លំដាប់នោះ ភិក្ខុនីសង្ឃប្រាថ្នាដើម្បីនឹងចែកចីវរនោះ ទើបប្រជុំគ្នា។ វេលានោះឯង ពួកភិក្ខុនីជាអន្តេវាសិនី (កូនសិស្ស) របស់ថុល្លនន្ទាភិក្ខុនី ចៀសចេញទៅ (ពីវត្ត) ថុល្លនន្ទាភិក្ខុនីក៏បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកភិក្ខុនីចៀសចេញទៅអស់ហើយ (សង្ឃ) កុំអាលចែកចីវរ ដូច្នេះហើយ ក៏ហាមឃាត់ការចែកចីវរ។ ភិក្ខុនីទាំងឡាយនាំគ្នាចៀសចេញអស់ទៅ ដោយគិតថា សង្ឃមិនទាន់ចែកចីវរ។ ថុល្លនន្ទាភិក្ខុនី កាលពួកភិក្ខុនីជាអន្តេវាសិនីមកព្រមគ្នាហើយ ក៏នាំគ្នាចែកចីវរនោះទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគ
ID: 636791232939091128
ទៅកាន់ទំព័រ៖