ព្រះត្រៃបិដក ភាគ ០៥
ពួកមេរបាំក្តី ពួកកូនរបាំក្តី ពួកអ្នកឡើងរ៉ាវក្តី ពួកអ្នកត្លុកក្តី ពួកអ្នកវាយស្គរក្តី នាំគ្នាពោលសរសើរថុល្លនន្ទាភិក្ខុនីក្នុងទីប្រជុំបរិសទ្យថា ថុល្លនន្ទាជាម្ចាស់ ជាពហុស្សូត ជាអ្នកនិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា អ្នកទាំងឡាយចូរថ្វាយ(ទាន) ដល់លោកម្ចាស់ចុះ អ្នកទាំងឡាយចូរធ្វើ (សក្ការៈ)ដល់លោកម្ចាស់ចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យសមណចីវរដល់គ្រហស្ថសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យសមណចីវរដល់គ្រហស្ថ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងឲ្យសមណចីវរដល់គ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យសមណចីវរដល់គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវអាបត្តិបាចិត្តិយ។
ID: 636791234113108278
ទៅកាន់ទំព័រ៖