ព្រះត្រៃបិដក ភាគ ០៥
ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃដកកឋិនចេញ។ ការដកកឋិនគួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះពោលឡើង។ កឋិនសង្ឃបានដកហើយ។ ការដកកឋិនសមគួរដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
[២៥៤] លំដាប់នោះ ឧបាសកនោះបានចូលទៅរកភិក្ខុនីសង្ឃ ហើយសូមឲ្យសង្ឃដកកឋិនចេញ។ ថុល្លនន្ទាភិក្ខុនីបានហាមឃាត់នូវការដកកឋិនដោយវាចាថា ចីវរនឹងមានដល់ពួកយើងទាំងឡាយ។ ទើបឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងមិនឲ្យការដកកឋិនដល់ពួកយើងសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់នូវការដកកឋិនប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា
ID: 636791236759459641
ទៅកាន់ទំព័រ៖