ព្រះត្រៃបិដក ភាគ ០៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហាមឃាត់​នូវ​ការ​ដក​កឋិន​ដ៏​ប្រកបដោយ​ធម៌​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ហាមឃាត់​នូវ​ការ​ដក​កឋិន​ដ៏​ប្រកបដោយ​ធម៌​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ហាមឃាត់​នូវ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៥៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ការ​ដក​កឋិន​ប្រកបដោយ​ធម៌​នោះ​ ​បាន​ដល់​ភិក្ខុនី​សង្ឃ​មាន​សេចក្តី​ព្រមព្រៀង​ប្រជុំ​គ្នា​ដក​។​ ​ពាក្យ​ថា​ ​ហាមឃាត់​ ​សេចក្តី​ថា​ ​ភិក្ខុនី​ហាមឃាត់​ថា​ ​ភិក្ខុនី​សង្ឃ​ដក​កឋិន​នេះ​ធ្វើអ្វី​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636791237067757275
ទៅកាន់ទំព័រ៖