ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង ឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយខឹង អាក់អន់ចិត្ត ក៏ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដល់ភិក្ខុនី គឺដល់ភិក្ខុនីដទៃ។ ទីកុដិដែលមានសន្លឹកទ្វារជាប់នៅ ហៅថាលំនៅ។ ពាក្យថា ឲ្យ គឺឲ្យដោយខ្លួនឯង។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺមានចិត្តមិនត្រេកអរ មានចិត្តគឺទោសមកខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹង។ ពាក្យថា ទង់ទាញឯង គឺភិក្ខុនីចាប់យកពីក្នុងល្វែងហើយទាញចេញទៅខាងរបៀង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីចាប់ទាញចេញពីរបៀងទៅខាងក្រៅ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791242910461859
ទៅកាន់ទំព័រ៖