ព្រះត្រៃបិដក ភាគ ០៥
តុវដ្តវគ្គ សិក្ខាបទទី៦
[២៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនីនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយបុត្ររបស់គហបតីខ្លះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចណ្ឌកាលីជាម្ចាស់ មិនសមបីនឹងនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនរបស់គហបតីខ្លះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី នៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី មិនសមបីនឹងនៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅច្រឡូកច្រឡំដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយពោលយ៉ាងនេះថា
ID: 636791244737335074
ទៅកាន់ទំព័រ៖