ព្រះត្រៃបិដក ភាគ ០៥
[៣០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីការអម្បោះដែលគេការរួចហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៤
[៣០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនគួរបើនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636791255677534327
ទៅកាន់ទំព័រ៖