ព្រះត្រៃបិដក ភាគ ០៥
[៣១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុនីប្រគល់ឲ្យ ហើយប្រើប្រាស់១ ភិក្ខុនីប្រើប្រាស់តាមវេនជាថ្មីទៀត១ ពួកភិក្ខុនីឯទៀតដែលមានរដូវក៏មិនមាន (ហើយភិក្ខុនីនោះចេះតែប្រើទៅ មិនបានលះ)១ ភិក្ខុនីដែលចោរដណ្តើមយកចីវរទៅ១ ភិក្ខុនីដែលមានចីវរវិនាស១ ភិក្ខុនីប្រើប្រាស់ក្នុងពេលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៨
[៣១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅ(ដល់អ្នកដទៃ) ហើយក៏ចៀសទៅកាន់ចារិក។ ក៏សម័យនោះឯង ភ្លើងឆេះលំនៅរបស់ថុល្លនន្ទាភិក្ខុនី (នោះ)។ ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ ណ្ហើយចុះ យើងនឹងជញ្ជូនរបស់ចេញ។ ភិក្ខុនីទាំងឡាយពួកខ្លះ បាននិយាយយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ យើងនឹងមិនជញ្ជូនទេ ក្រែងរបស់ណាមួយបាត់ទៅហើយ គេនឹងចោទប្រកាន់យើង ចំពោះរបស់ទាំងអស់។
ID: 636791259533405170
ទៅកាន់ទំព័រ៖