ព្រះត្រៃបិដក ភាគ ០៥

អារាម​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​៣២៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ទ្រទ្រង់​តែ​ចីវរ​មួយ​ៗ​ម្នាក់​ ​ហើយ​ធ្វើ​ចីវរ​កម្ម​ ​(​ដេរ​ ​ឬ​ជ្រលក់ចីវរ​ជាដើម​)​ ​ក្នុង​អាវាស​ដែល​តាំងនៅ​ជិត​ស្រុក​តូច​មួយ​។​ ​ភិក្ខុនី​ទាំងឡាយ​មិនបាន​ប្រាប់​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​រួច​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិន​ប្រាប់​ ​(​ជាមុន​)​ ​ហើយ​ចូល​មកកាន់​អារាម​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​ប្រាប់​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​មិន​ប្រាប់​ ​ហើយ​ចូល​ទៅកាន់​អារាម​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិនបាន​ប្រាប់​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​រួចហើយ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636791262457216317
ទៅកាន់ទំព័រ៖