ព្រះត្រៃបិដក ភាគ ០៥
ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាចទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាច ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា កំណាច សំដៅយកសេចក្តីក្រោធ។ ដែលហៅថា គណភិក្ខុនី សំដៅយកភិក្ខុនីសង្ឃ។ ពាក្យថា ផ្តាសា គឺភិក្ខុនីផ្តាសាថា ភិក្ខុនីអស់នុ៎ះល្ងង់ ភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីផ្តាសាភិក្ខុនីច្រើនរូបក្តី មួយរូបក្តី អនុបសម្បន្នក្តី ត្រូវអាបត្តិទុក្កដ។
[៣៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថជាប្រធាន១ ធ្វើធម៌ជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅជាប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ID: 636791266256379012
ទៅកាន់ទំព័រ៖