ព្រះត្រៃបិដក ភាគ ០៥
ពួកភិក្ខុនីប៉ុណ្ណេះរូបក្មេងជាងសុន្ទរីនន្ទាជាម្ចាស់ ទើបក្រាលអាសនៈសម្រាប់សុន្ទរីនន្ទាភិក្ខុនីក្នុងឱកាសកំបាំងភ្នែក ត្រង់កៀនជញ្ជាំង ធ្វើឲ្យពួកភិក្ខុនីចាស់ៗដឹងថា សុន្ទរីនន្ទាភិក្ខុនីអង្គុយជិតពួកភិក្ខុនីក្មេងៗ ធ្វើឲ្យពួកភិក្ខុនីក្មេងៗដឹងថា សុន្ទរីនន្ទាភិក្ខុនីអង្គុយជិតភិក្ខុនីចាស់ៗ។ ទើបសាឡ្ហជាចៅមិគារមាតាប្រើមនុស្សឲ្យទៅទូលភត្តកាលដល់ភិក្ខុនីសង្ឃថា បពិត្រលោកម្ចាស់ កាលគួរហើយ ភត្តសម្រេចហើយ។ សុន្ទរីនន្ទាភិក្ខុនីកំណត់(ក្នុងចិត្ត)ថា សាឡ្ហជាចៅមិគារមាតាធ្វើភត្តដល់ភិក្ខុនីសង្ឃ មិនមែនធ្វើដោយការរាប់អានច្រើនប៉ុន្មានទេ គាត់ប្រាថ្នាតែនឹងប្រទុស្តដល់អញ បើប្រសិនជាអញទៅ សំឡេងឆោឡោ (វឹកវរ) មុខជានឹងមានដល់អញ (មិនខាន) គិតហើយ ក៏បង្គាប់ភិក្ខុនីជាសិស្សថា លោកចូរទៅចុះ ចូរនាំយកចង្ហាន់ (មកឲ្យ)ខ្ញុំផង ម្យ៉ាងទៀត បើមានអ្នកណាសួររកខ្ញុំ ចូរប្រាប់គេថា ខ្ញុំឈឺ។ ឯភិក្ខុនីនោះ បានស្តាប់ពាក្យសុន្ទរីនន្ទាភិក្ខុនីហើយ ក៏ទទួលពាក្យថា ករុណាលោកម្ចាស់។ សម័យនោះឯង សាឡ្ហជាចៅមិគារមាតាឈរនៅខាងក្រៅខ្លោងទ្វារ ហើយសួររកសុន្ទរីនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះសុន្ទរីនន្ទាទៅឯណា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះសុទ្ទរីនន្ទាទៅឯណា។
ID: 636790990530306139
ទៅកាន់ទំព័រ៖