ព្រះត្រៃបិដក ភាគ ០៥
ថា នាងម្ចាស់ទាំងឡាយនៅចាំវស្សាក្នុងទីណា ហើយបវារណានឹងភិក្ខុសង្ឃដែរឬ។ ភិក្ខុនីទាំងឡាយនោះនិយាយថា នែនាងម្ចាស់ ពួកយើងមិនបានបវារណានឹងភិក្ខុសង្ឃទេ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនសមនឹងមិនបវារណានឹងភិក្ខុសង្ឃសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយនៅចាំវស្សាហើយ មិនបវារណានឹងភិក្ខុសង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនគួរបើនឹងមិនបវារណានឹងភិក្ខុសង្ឃទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅចាំវស្សាហើយ មិនបវារណានឹងឧភតោ ដោយស្ថានបីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791269608058908
ទៅកាន់ទំព័រ៖