ព្រះត្រៃបិដក ភាគ ០៥

មេដោះ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មេដោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មេដោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មេដោះ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៦៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ស្រី​មេដោះ​ ​គឺ​មាតា​ក្តី​ ​ស្រី​មេ​ដោះ​មែន​ៗ​ក្តី​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636791308629269605
ទៅកាន់ទំព័រ៖