ព្រះត្រៃបិដក ភាគ ០៥
ឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ ឥឡូវ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតាមានឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើនហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សាហើយ តែសង្ឃមិនសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791321542108359
ទៅកាន់ទំព័រ៖