ព្រះត្រៃបិដក ភាគ ០៥
ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនដោយខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានាជាសទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនបង្រៀន (ខ្លួនឯង) គឺមិនបង្រៀនដោយបាលី អដ្ឋកថា សេចក្តីទូន្មាន
ID: 636791322769724518
ទៅកាន់ទំព័រ៖