ព្រះត្រៃបិដក ភាគ ០៥
ដោយអាការយ៉ាងនេះ ហើយមិនឲ្យឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទាសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី និយាយនឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយមិនឲ្យឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងនិយាយនឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយមិនឲ្យឧបសម្បទា និងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ និយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់ក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ ហើយមិនឲ្យឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791334715103540
ទៅកាន់ទំព័រ៖