ព្រះត្រៃបិដក ភាគ ០៥
កុមារីភូតវគ្គ សិក្ខាបទទី១២
[៤៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទារាល់ឆ្នាំ។ កន្លែងសម្រាប់ភិក្ខុនីនៅ ក៏មិនគ្រប់គ្រាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យឧបសម្បទារាល់ឆ្នាំសោះ (ព្រោះ) កន្លែងសម្រាប់នៅមិនគ្រប់គ្រាន់។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ (ក៏)ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទារាល់ឆ្នាំសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទារាល់ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹង ឲ្យឧបសម្បទារាល់ឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636791341278983139
ទៅកាន់ទំព័រ៖