ព្រះត្រៃបិដក ភាគ ០៥
ស្ថាន៣យ៉ាង) គឺ១ឲ្យមហាមាត្យដណ្តើមយកឃ្លាំងរបស់គេ ២ឲ្យមហាមាត្យពិន័យលក់គេ ៣ឲ្យមហាមាត្យធ្វើទោសដាក់គុកគេ ឥឡូវនេះមុខជានឹងឲ្យមហាមាត្យសម្លាប់គេ។ ភិក្ខុនីទាំងឡាយបានឮពាក្យមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងពោលពាក្យដោយសេចក្តីច្រណែន (ប្តឹងផ្តល់)សោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីជាអ្នកប្តឹងផ្តល់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរនឹងជាអ្នកប្តឹងផ្តល់គេទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ សូម្បីតែសមណបរិព្វាជក ភិក្ខុនីនេះក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
ID: 636791004215428883
ទៅកាន់ទំព័រ៖