ព្រះត្រៃបិដក ភាគ ០៥
ផ្លូវនោះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងពាក់ខ្សែក្រវាត់ ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងពាក់ខ្សែក្រវាត់សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីពាក់ខ្សែក្រវាត់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងពាក់ខ្សែក្រវាត់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ពាក់ខ្សែក្រវាត់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ របស់ណាមួយសម្រាប់ប្រដាប់ចង្កេះ របស់នោះឈ្មោះថា ខ្សែក្រវាត់។ ពាក្យថា ពាក់ គឺភិក្ខុនីប្រើប្រាស់តែម្តង ក៏ត្រូវអាបត្តិបាចិត្តិយ។
ID: 636791345234640102
ទៅកាន់ទំព័រ៖