ព្រះត្រៃបិដក ភាគ ០៥
[៤៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីពាក់ខ្សែចង្កេះ ព្រោះហេតុនៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ឆត្តុបាហនវគ្គ សិក្ខាបទទី៤
[៤៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយទ្រទ្រង់គ្រឿងប្រដាប់ស្រី (គ្រហស្ថ)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងប្រើប្រាស់គ្រឿងអលង្ការរបស់ស្រី ដូចជាពួកស្រីគ្រហស្ថ ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ (ក៏)ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងប្រើប្រាស់គ្រឿងអលង្ការរបស់ស្រីសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយប្រើប្រាស់គ្រឿងអលង្ការរបស់ស្រី ពិតមែនឬ។
ID: 636791345810779115
ទៅកាន់ទំព័រ៖