ព្រះត្រៃបិដក ភាគ ០៥
ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងស្លៀកស្លុយមុខខ្លះ ស្លុយក្រោយខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីគប្បីធ្វើសេចក្តីសិក្សាថា អញនឹងស្លៀកឲ្យជាបរិមណ្ឌល។
[៤៩៦] ភិក្ខុនីត្រូវស្លៀកឲ្យជាបរិមណ្ឌល គឺបិទបាំងមណ្ឌលផ្ចិត មណ្ឌលជង្គង់។ ភិក្ខុនីណាអាស្រ័យសេចក្តីមិនអើពើ ហើយស្លៀកស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្តិទុក្កដ។
[៤៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីមិនក្លែង១ ភិក្ខុនីមិនមានសតិ១ ភិក្ខុនីមិនដឹងខ្លួន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។ សេចក្តីសង្ខេប។
[៤៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះក្នុងទឹក។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ
ID: 636791355877939677
ទៅកាន់ទំព័រ៖