ព្រះត្រៃបិដក ភាគ ០៥
កាន់ចន្លោះស្រុកតែម្នាក់ឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងទៅកាន់ចន្លោះស្រុកតែម្នាក់ឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ ឯសិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤១] សម័យនោះឯង ភិក្ខុនីទាំងឡាយពីររូបចេញអំពីក្រុងសាកេត ហើយដើរផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ក្នុងចន្លោះផ្លូវមានស្ទឹងដែលភិក្ខុនីទាំងឡាយនោះត្រូវឆ្លង។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកពួកអ្នកទូក ហើយបាននិយាយពាក្យនេះថា នែអ្នកដ៏មានអាយុ សូមឲ្យអ្នកទាំងឡាយអាណិតចម្លងយើង (បន្តិច)។ ពួកអ្នកទូកនិយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំមិនអាចចម្លងលោកម្ចាស់ទាំងពីររូបតែម្តងបានទេ។
ID: 636791007468644957
ទៅកាន់ទំព័រ៖