ព្រះត្រៃបិដក ភាគ ០៥

ឥរិយាបថ​ដេក​។​ ​លំដាប់នោះ​ ​បុរស​នោះ​មក​ក្នុង​វេលា​រាត្រី​ ​ស្វែងរក​ភិក្ខុនី​នោះ​ ​ក៏​បៀតបៀន​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​កាលបើ​មិនឃើញ​ភិក្ខុនី​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​នោះ​ចេញទៅ​ជាមួយនឹង​ប្រុស​ជា​ប្រាកដហើយ​។​ ​ឯ​ភិក្ខុនី​នោះ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​បាន​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​ហេតុអ្វីបានជា​លោក​ចេញទៅ​ជាមួយនឹង​ប្រុស​។​ ​ភិក្ខុនី​នោះ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ខ្ញុំ​មិនបាន​ចេញទៅ​ជាមួយនឹង​ប្រុស​ទេ​ ​ហើយក៏​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​នៅ​ប្រាសចាក​គ្នា​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​នៅ​ប្រាសចាក​(​គ្នា​)​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​គួរបើ​នឹង​នៅ​ប្រាសចាក​(​គ្នា​)​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ដល់​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ទេ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636791008396978054
ទៅកាន់ទំព័រ៖