ព្រះត្រៃបិដក ភាគ ០៥
អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹងអាក់អន់ ហើយនិយាយយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោកត្រេកអរ (ព្រោះ)ធម៌ព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរលោកប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ ឯភិក្ខុនីនោះ កាលបើត្រូវភិក្ខុនីទាំងឡាយពោលយ៉ាងនេះ នៅប្រកាន់យ៉ាងនោះដដែល ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីចំពោះភិក្ខុនីនោះអស់វារៈជាគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ បើភិក្ខុនីនោះ កាលត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីគំរប់បីដង(ហើយ) លះបង់វត្ថុនោះបាន ការលះបង់បាននោះជាការល្អ បើលះបង់មិនបានទេ ភិក្ខុនីនេះ ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញចេញចាកសង្ឃ។
[៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនីមានចិត្តមិនត្រេកអរ
ID: 636791144081198748
ទៅកាន់ទំព័រ៖