ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយអស់វារៈពីរដងផង ត្រូវនិយាយអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ត្រូវភិក្ខុនីទាំងឡាយទាញភិក្ខុនីនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយហាមថា នែលោកម្ចាស់ លោកកុំខឹងអាក់អន់ចិត្ត ហើយនិយាយយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយណាជាសមណី ជាសក្យធីតា ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាការសិក្សាគង់មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះដូច្នេះ។ នែលោកម្ចាស់ លោកចូរត្រេកអរចុះ (ព្រោះ)ធម៌ គឺព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរលោកប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយហាមអស់វារៈពីរដងផង ត្រូវនិយាយហាមអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
ID: 636791148880223236
ទៅកាន់ទំព័រ៖