ព្រះត្រៃបិដក ភាគ ០៥
សង្ឃាទិសេសទី១០
[៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ថុល្លនន្ទាភិក្ខុនីពោលពាក្យយ៉ាងនេះនឹងភិក្ខុនីទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធីហើយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទយ៉ាងនេះ មានកិត្តិសព្ទយ៉ាងនេះ ចិញ្ចឹមជីវិតយ៉ាងនេះ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនបានពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ (ក្រោធ) ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយស្ងាត់ (ចាកពួក)
ID: 636791155637919754
ទៅកាន់ទំព័រ៖