ព្រះត្រៃបិដក ភាគ ០៥
ពាក្យថា ដោយលោកទាំងឡាយមានកំឡាំងថយ គឺដោយលោកទាំងឡាយគ្មានបក្ខពួក។ ថុល្លនន្ទាភិក្ខុនីពោលយ៉ាងនេះថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីឯណាដែលពោលជាប្រក្រតីយ៉ាងនេះនោះឯង។ ពាក្យថា ដែលភិក្ខុនីទាំងឡាយ គឺដែលភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយឯណាឃើញ ឯណាឮ ភិក្ខុនីទាំងឡាយនោះគប្បីនិយាយនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ ចូរលោកកុំនិយាយពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គឺភិក្ខុនីទាំងឡាយពោលអស់វារៈគំរប់ពីរដងផង គប្បីពោលអស់វារៈគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
ID: 636791157051580611
ទៅកាន់ទំព័រ៖