ព្រះត្រៃបិដក ភាគ ០៥
ប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ កាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ មិនត្រូវអាបត្តិ។
[១០៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ អកាលចីវរ ភិក្ខុនីសំគាល់ថាអកាលចីវរមែន ហើយប្រើគ្នាឲ្យចែក (អកាលចីវរនោះ)១ កាលចីវរ ភិក្ខុនីសំគាល់ថាកាលចីវរមែន ហើយប្រើគ្នាឲ្យចែក(កាលចីវរនោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៣
[១០៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីប្តូរចីវរនឹងភិក្ខុនីមួយរូប ហើយប្រើប្រាស់ ទើបភិក្ខុនីនោះបត់ចីវរនោះហើយទុកដាក់ទៅ។ ថុល្លនន្ទាភិក្ខុនី បានពោលពាក្យនេះនឹងភិក្ខុនីនោះថា
ID: 636791162272659240
ទៅកាន់ទំព័រ៖