ព្រះត្រៃបិដក ភាគ ០៥
បត្តវគ្គ សិក្ខាបទទី១០
[១៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឈ្លាសនិយាយក្លៀវក្លា ប្រសប់ធ្វើធម្មីកថា។ មនុស្សទាំងឡាយជាច្រើនតែចូលទៅអង្គុយជិត (សេពគប់)នឹងថុល្លនន្ទាភិក្ខុនី។ សម័យនោះឯង ទីបរិវេណរបស់ថុល្លនន្ទាភិក្ខុនីក៏បាក់បែកទ្រុឌទ្រោម។ មនុស្សទាំងឡាយបានពោលពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ ទីបរិវេណរបស់លោកនេះទ្រុឌទ្រោមទៅដោយហេតុអ្វី។ ថុល្លនន្ទាភិក្ខុនីនិយាយថា នែអ្នកដ៏មានអាយុ ព្រោះគ្មានពួកអ្នកឲ្យ គ្មានពួកអ្នកធ្វើ។ ទើបមនុស្សទាំងឡាយនោះ ប្រមូលបរិក្ខារដែលរៃបានមកដើម្បីប្រយោជន៍ទីបរិវេណនៃថុល្លនន្ទាភិក្ខុនី ហើយបានឲ្យបរិក្ខារនោះដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះផង ដោយរបស់ដែលសូមដោយខ្លួនឯងផង ហើយក៏បរិភោគ។ មនុស្សទាំងឡាយដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា
ID: 636791173312710695
ទៅកាន់ទំព័រ៖