ព្រះត្រៃបិដក ភាគ ០៥

ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៨៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​ក្នុង​យប់​ងងឹត​ ​សេចក្តី​ថា​ ​ក្នុង​វេលា​ដែល​ព្រះអាទិត្យ​លិច​ចុះទៅ​ហើយ​។​ ​ពាក្យ​ថា​ ​ឥតមាន​ប្រទីប​ ​សេចក្តី​ថា​ ​មិន​មាន​ពន្លឺ​។​ ​ដែល​ហៅថា​បុរស​ ​បាន​ដល់​មនុស្ស​ប្រុស​ជា​អ្នកដឹង​សេចក្តី​ ​អាច​ដើម្បី​ស្ថិតនៅ​ផង​ ​និយាយ​ផង​ ​មិនមែន​យក្ស​ ​មិនមែន​ប្រេត​ ​មិនមែន​តិរច្ឆាន​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​នឹង​ម្នាក់​ ​គឺ​មានតែ​បុរស១​ ​និង​ភិក្ខុនី១​។​ ​ពាក្យ​ថា​ ​ស្ថិតនៅ​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​និយាយ​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​នៃ​បុរស​ហើយ​ចរចា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​លះបង់​ហត្ថបាស​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​មួយអន្លើដោយ​យក្ស​ក្តី​ ​ប្រេត​ក្តី​ ​បណ្ឌក​ក្តី​ ​សត្វតិរច្ឆាន​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636791201330843240
ទៅកាន់ទំព័រ៖