ព្រះត្រៃបិដក ភាគ ០៥
លើអាសនៈ រួចមិនលាពួកជនជាម្ចាស់ ក៏ចៀសចេញទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនបានលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនបានលាពួកជនជាម្ចាស់ផ្ទះ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។
[១៩៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ក្នុងពេលមុនបាយ គឺរាប់ចាប់តាំងពីអរុណរះឡើង ដរាបដល់ថ្ងៃត្រង់។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ី (ជួញប្រែធ្វើស្រែចំការជាដើម)១ ត្រកូលអ្នករកស៊ីឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ដែលហៅថា អាសនៈ សំដៅយកឱកាសនៃទីអង្គុយ។ ពាក្យថា អង្គុយនៅ គឺអង្គុយលើអាសនៈនោះ។
ID: 636791205157512113
ទៅកាន់ទំព័រ៖