ព្រះត្រៃបិដក ភាគ ០៥
ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លន្ទាភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះលើអាសនៈទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ មិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791206157969336
ទៅកាន់ទំព័រ៖