ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសម្ពត់ងូតទឹកហើយ ទើបនាំគ្នាស្លៀកដណ្តប់សម្ពត់ងូតទឹកទាំងឡាយ មិនមានប្រមាណ ក៏ចាប់ទាញពីមុខខ្លះ ពីក្រោយខ្លះ ហើយត្រាច់ដើរទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបីនឹងទ្រទ្រង់នូវសម្ពត់ងូតទឹកគ្មានប្រមាណសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់នូវសម្ពត់ងូតទឹកមិនមានប្រមាណ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនសមបីនឹងទ្រទ្រង់នូវសម្ពត់ងូតទឹកមិនមានប្រមាណទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលឲ្យគេធ្វើសម្ពត់ងូតទឹក គប្បីឲ្យធ្វើឲ្យល្មមប្រមាណ។ ឯប្រមាណក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត កាលភិក្ខុនីធ្វើឲ្យកន្លងលើសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ
(១) ។
(១) គឺភិក្ខុនីត្រូវកាត់សំពត់ឲ្យត្រូវប្រមាណ ហើយសិមសំដែងអាបត្តិទើបបាន
ID: 636791225828704438
ទៅកាន់ទំព័រ៖