ព្រះត្រៃបិដក ភាគ ០៥
[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងពួកភិក្ខុនីដែលត្រូវអាបត្តិបារាជិកមុនៗ។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា ធម្មតាស្លឹកឈើទុំដែលជ្រុះផុតអំពីទងហើយ មិនគួរលូតលាស់ឡើងវិញបាន មានគួរនាយ៉ាងណាមិញ ភិក្ខុនីដែលដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិកហើយ គ្រាន់តែដាក់ធុរៈថា អញមិនចោទចំពោះខ្លួនឯង អញមិនប្រាប់ដល់ពួកគណៈដូច្នេះ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូលឡើយ ព្រោះហេតុនោះ ភិក្ខុនីនោះ បានជាតថាគតហៅថា ត្រូវអាបត្តិបារាជិក។ ពាក្យថា មិនមានសំវាស អធិប្បាយថា ដែលហៅថា សំវាស (នោះ) គឺសង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សភាពជាបុគ្គលមានសិក្ខាស្មើគ្នា នេះហៅថា សំវាស សំវាសនុ៎ះមិនមានជាមួយនឹងភិក្ខុនីនោះ ព្រោះហេតុដូច្នោះ បានជាតថាគតហៅថា ជាភិក្ខុនីមិនមានសំវាស។
[១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនប្រាប់ព្រោះគិតថា សេចក្តីកហេតុក្តី សេចក្តីឈ្មោះប្រកែកក្តី សេចក្តីប្រកាន់ផ្សេងគ្នាក្តី សេចក្តីវិវាទក្តី នឹងកើតមានដល់សង្ឃ១ មិនប្រាប់ព្រោះគិតថា សង្ឃបែកបាក់គ្នា ឬសេចក្តីប្រេះឆានៃសង្ឃនឹងកើតមាន១
ID: 636790997100481932
ទៅកាន់ទំព័រ៖