ព្រះត្រៃបិដក ភាគ ០៥
[២៣០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកគ្នាមិនបាន១ ភិក្ខុនីកំពុងតែធ្វើ ស្រាប់តែកន្លងហួស៤-៥ថ្ងៃ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយផ្សេងៗកើតឡើង១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៤
[២៣១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនីផ្ញើចីវរ (សង្ឃាដី) ទុកក្នុងដៃនៃភិក្ខុនីទាំងឡាយ ហើយចៀសចេញទៅកាន់ចារិកជនបទ ដោយមានតែស្បង់ និងចីពរទៅប៉ុណ្ណោះ។ ចីវរទាំងឡាយដែលពួកភិក្ខុនីផ្ញើទុកយូរពេកនោះ ក៏ដុះផ្សិតសៅហ្មងទៅអស់។ ភិក្ខុនីទាំងឡាយយកចីវរនោះទៅសំដិលហាល។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ចីវរទាំងនេះរបស់អ្នកណា ក៏ដុះផ្សិតសៅហ្មងអស់។ ទើបភិក្ខុនីទាំងនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636791229776360231
ទៅកាន់ទំព័រ៖