ព្រះត្រៃបិដក ភាគ ០៥
បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើទេយ្យធម៌របស់យើងទាំងឡាយឲ្យអន្តរាយសោះ យើងទាំងឡាយវិនាសប្រាសចាកប្រយោជន៍ទាំងពីរយ៉ាង គឺភោគផង បុណ្យផង។ ភិក្ខុនីទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791232113973934
ទៅកាន់ទំព័រ៖