ព្រះត្រៃបិដក ភាគ ០៥
ថុល្លនន្ទាភិក្ខុនីជាមនុស្សមានសេចក្តីឫស្យាគ្របសង្កត់ ក៏ពោលថា ពួកភិក្ខុនីណាស្គាល់ច្រើន សូមច្រើន បានឮថា ភិក្ខុនីទាំងឡាយនេះជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នកមិនច្រឡូកច្រឡំ ពោលដូច្នេះហើយ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេចការដេកខ្លះ សំដែងឯងខ្លះ ឲ្យគេសំដែងខ្លះ ធ្វើការស្វាធ្យាយខ្លះ ក្នុងខាងមុខភទ្ទាកាបិលានីភិក្ខុនី។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងមកក្លែង ធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីជាម្ចាស់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ក្លែងធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីភិក្ខុនី ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងក្លែងធ្វើសេចក្តីមិនសប្បាយដល់ភទ្ទាកាបិលានីភិក្ខុនីទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយក្លែងធ្វើសេចក្តីមិនសប្បាយដល់ភិក្ខុនីផងគ្នា ត្រូវអាបត្តិបាចិត្តិយ។
ID: 636791240091800240
ទៅកាន់ទំព័រ៖