ព្រះត្រៃបិដក ភាគ ០៥
ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងមិនបម្រើឯង មិនធ្វើសេចក្តីខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ ត្រូវអាបត្តិបាចិត្តិយ។
[២៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ដល់នូវសេចក្តីទុក្ខ សំដៅយកភិក្ខុនីដែលមានជម្ងឺ។ ដែលហៅថា ភិក្ខុនីជាកូនសិស្ស សំដៅយកភិក្ខុនីជាសទ្ធិវិហារិនី (មានធម៌ជាគ្រឿងនៅជាមួយគ្នា)។ ពាក្យថា មិនបម្រើឯង គឺមិនបម្រើដោយខ្លួនឯង។ ពាក្យថា មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ គឺមិនបង្គាប់អ្នកដទៃ។ កាលភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបម្រើឯង នឹងមិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើ នូវអន្តេវាសិនីក្តី អនុបសម្បន្នាក្តី ត្រូវអាបត្តិទុក្កដ។
ID: 636791241912936104
ទៅកាន់ទំព័រ៖