ព្រះត្រៃបិដក ភាគ ០៥

សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៨៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ខាងក្នុង​ដែន​ ​គឺ​ភិក្ខុនី​នៅ​ខាងក្នុង​ដែន​របស់​ស្តេច​ណា​ ​ក៏​ត្រេច​ទៅ​ក្នុង​ដែន​របស់​ស្តេច​នោះ​។​ ​ដែល​ហៅថា​ ​ទី​ប្រកបដោយ​សេចក្តី​រង្កៀស​នោះ​ ​បាន​ដល់កន្លែង​ដែល​ពួក​ចោរ​នៅ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​បរិភោគ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​ឈរ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​អង្គុយ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​ដេក​ក៏​ប្រាកដ​ក្នុង​ផ្លូវ​នោះ​។​ ​ទី​ដែល​ហៅថា​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​នោះ​ ​គឺ​ពួក​មនុស្ស​ដែល​ចោរ​ទាំងឡាយ​សម្លាប់​ក៏​ប្រាកដ​ ​ដែល​ចោរប្លន់​ក៏​ប្រាកដ​ ​ដែល​ចោរ​វាយ​ក៏​ប្រាកដ​ក្នុង​ផ្លូវ​នោះ​។​ ​ដែល​ហៅថា​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​នោះ​ ​គឺ​វៀរចាក​ពួក​ឈ្មួញ​ចេញ​។​ ​ពាក្យ​ថា​ ​ត្រេច​ទៅកាន់​ចារិក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ស្រុក​កំណត់​មួយ​រយៈ​មាន់​ហើរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​ចន្លោះ​ស្រុក​។​ ​ទី​ព្រៃ​មិនមែន​ជា​ស្រុក​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ទីនោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​កន្លះ​យោជន៍​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636791246697392521
ទៅកាន់ទំព័រ៖