ព្រះត្រៃបិដក ភាគ ០៥
[២៨៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយពួកឈ្មួញ១ ភិក្ខុនីទៅក្នុងទីក្សេមក្សាន្តមិនមានភ័យ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៨
[២៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថាជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ អ្នកលេងទាំងឡាយនាំគ្នាប្រទូស្ត(ពួកភិក្ខុនីនោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមគួរនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនី គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិក
ID: 636791247097251225
ទៅកាន់ទំព័រ៖