ព្រះត្រៃបិដក ភាគ ០៥
សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងរៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរនឹងរៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា រៀន សេចក្តីថា ភិក្ខុនីរៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗបទ។ (បើ) រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗអក្សរ។
ID: 636791261090281912
ទៅកាន់ទំព័រ៖