ព្រះត្រៃបិដក ភាគ ០៥
[៣៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ អាវាសដែលភិក្ខុមិនអាចនឹងទៅឲ្យឱវាទក្តី នៅរួមក្តី ឈ្មោះថា អាវាសឥតភិក្ខុ។ ភិក្ខុនីតាំងចិត្តថា អញនឹងនៅចាំវស្សាដូច្នេះ ហើយក្រាលសេនាសនៈ ដម្កល់ទឹកផឹក ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ព្រមគ្នានឹងអរុណរះឡើង។
[៣៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុទាំងឡាយនៅចាំវស្សា ហើយចៀសចេញទៅក្តី សិកទៅក្តី ស្លាប់ក្តី ចូលពួក (គឺទៅចូលសាសនាដទៃ)ក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៧
[៣៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុកក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងឡាយនោះ
ID: 636791269303214372
ទៅកាន់ទំព័រ៖