ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនី ជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនបម្រើភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថាបំបួសខ្លួន គឺឲ្យឧបសម្បទាដល់ខ្លួន។ ដែលហៅថា ភិក្ខុនីជាបវត្តិនី សំដៅយកភិក្ខុនីជាឧបជ្ឈាយ៍។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនតាមបម្រើ គឺមិនបម្រើដោយខ្លួនឯង។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនតាមបម្រើអស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺឧបជ្ឈាយ៍ល្ងង់១ ឧបជ្ឈាយ៍មិនមានខ្មាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
ID: 636791323646778059
ទៅកាន់ទំព័រ៖