ព្រះត្រៃបិដក ភាគ ០៥
ឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យស្រីគ្រហស្ថគក់រិតក្តី ច្របាច់ក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានា បានដល់សាមណេរីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរី បានដល់ស្រីអ្នកបួសដែលរក្សាសិក្ខាបទ១០។ ដែលហៅថា ស្រីគ្រហស្ថ សំដៅយកស្រីដែលនៅគ្រប់គ្រងផ្ទះ។ ពាក្យថា ឲ្យគក់រិតក្តី សេចក្តីថា ភិក្ខុនីឲ្យគេគក់រិត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យច្របាច់ក្តី សេចក្តីថា ភិក្ខុនីឲ្យគេច្របាច់ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791348812344394
ទៅកាន់ទំព័រ៖